នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាន តំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលធុងសំរាមចំនួន៨២៨ធុង ដែលជាអំណោយពីក្រសួងបរិស្ថាន ជូនដល់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិត បានកត់សម្គាល់អំពីភាពសំបូរបែបនៃហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងនិងចាត់ចែងសំរាម សំណល់រឹងនៅទីប្រជុំជន។
ស្របគ្នានេះ លោកអភិបាលរង បានមានប្រសាសន៍ថា យុទ្ធនាការផ្តល់ធុងសំរាមដល់ទីតាំងសាធារណៈសំខាន់ៗរួមមាន វត្តអារាម សាលារៀន និងមណ្ឌលសុខភាពនេះ ជាការលើកទឹកចិត្ត ដល់រដ្ឋបាលក្រុង និងស្រុក ដើម្បីជំរុញភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ។
លោកបានបន្ថែមថា ការផ្តល់ធុងសំរាមសម្រាប់ដាក់ទីតាំងសាធារណៈទាំងនេះ មិនត្រឹមតែចូលរួមចំណែកសំខាន់ក្នុងការលើកកម្ពស់សោភណ្ឌភាព
អនាម័យបរិស្ថាន និងរូបភាពរបស់ខេត្តទេ ថែមទាំងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជួយសំរួលដល់ការប្រមូលសំរាម បង្កើនប្រសិទ្ធភាព កាត់បន្ថយកំលាំងពលកម្ម និងគ្រោះថ្នាក់នានាៗផងដែរ។ លើសពីនេះ ការដាក់ធុងសំរាមនៅទីវត្តអារាម មណ្ឌលសុខភាព និងសាលារៀន គឺជាការបណ្តុះស្មារតីនៅក្នុងសហគមន៍ ឱ្យមនុស្សគ្រប់វ័យមាន ទម្លាប់ល្អ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវមានរបៀប និងកាត់បន្ថយការចោលសំរាមពាសវាសពាសកាលផងដែរ។
យុទ្ធនាការផ្តល់ធុងសំរាមមករដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនទៅទីតាំង
សាធារណៈនេះ ជាការបោះជំហានទៅមុខមួយ ឆ្ពោះទៅកាន់ការរស់នៅបែប
ស៊ីវិល័យរបស់ប្រជាជនកម្ពុជា។
សូមជម្រាបថា យោងទិន្នន័យដែលផ្តល់ដោយទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជនអូរតាសេក បរិមាណសំរាមជាមធ្យមប្រចាំថ្ងៃដែលដឹកបានជញ្ជូនពី ក្រុងព្រះសីហនុ, ក្រុងកំពង់សោម, និងផ្នែកខ្លះនៃស្រុកព្រៃនប់ បានកើនឡើងពី ៣៥០តោន/ថ្ងៃនៅឆ្នាំ២០២១ ទៅ ៨៥០តោន/ថ្ងៃនៅឆ្នាំ២០២៥។ ជាមួយគ្នានឹងកត្តាអាកាសធាតុ ការកើនឡើងនៃបរិមាណសំរាមប្រចាំថ្ងៃ បានធ្វើឱ្យការវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវកាន់តែមានភាពចំបាច់។












