គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៧ គម្រោងបន្ថែមទៀត ទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។
ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០ និង គម្រោងថ្មី ចំនួន ៥ និង គម្រោងមានស្រាប់ចំនួន ២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.១៩៥ កន្លែង ។ គម្រោងទាំង ១៧ នេះ មានជាអាទិ៍ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និង គម្រោងសណ្ឋាគារ ។
ក្នុងឱកាសនេះ លោកអភិបាលរង បានជម្រាបជូនអង្គប្រជុំអំពីតម្រូវការកម្លាំងពលកម្មក្នុងខេត្តព្រះសីហនុ នឹងការជួយសម្របសម្រួលពីរដ្ឋបាលខេត្តក្នុងការផ្តល់ការងារជូនពលករចំណាកស្រុក, ពលករចំណូលស្រុកពីប្រទេសជិតខាងផងដែរ។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧.៨០១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥០.៦៧០ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង ។
បន្ថែមពីលើការផ្តល់គោលការណ៍នេះ, ក្រុមការងារបានជួយសម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖ ការចុះបញ្ជីសហគ្រាស, ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និង អាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ, ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ដោយពន្ធអាករជាបន្ទុករដ្ឋ និង ការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និង ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។