លោក ឡុង ឌីម៉ង់ ណែនាំឱ្យមន្ត្រីព័ត៌មានរបស់ខេត្តត្រូវខិតខំធ្វើការងារដោយស្មារតី បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាលាក្រុងព្រះសីហនុក្រោមអធិបតីភាពរបស់ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ វគ្គបណ្ដុះបណ្ដាលនេះ មានអ្នកចូល រួមប្រមាណ ៩០នាក់ មកពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ មន្ត្រីមកពីមន្ទីរព័ត៌មានខេត្តកោះកុង, តាកែវ, កំពត, កែប, កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
វគ្គសិក្ខាសាលានេះ រួមមានការធ្វើបទបង្ហាញអំពីបច្ចេកទេសនៃការសរសេរព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងវិស័យព័ត៌មាន។
លោកអភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាដើម ស្របពេលដែលលំហព័ត៌មានខេត្តក៏រងនូវការបំពុលដោយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ និងអ្នកផលិតមាតិកា និងព័ត៌មានអសកម្មមួយចំនួន ដែលទាមទារឱ្យមន្ត្រីជំនាញរបស់ខេត្តត្រូវខិតខំធ្វើការងារនេះឱ្យមានការឆ្លើយតប ពោលគឺ ត្រូវមានស្មារតី បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។