រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌដែលជាប្រពៃណីជាតិខ្មែរ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ រដ្ឋបាលខេត្តព្រះសីហនុតែងតែបានរៀបចំធ្វើការជួបជុំគ្នាដើម្បីបង្កើនភាពស្និទស្នាលរវាងថ្នាក់ដឹកនាំខេត្ត ជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។ ហើយឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនដែរ ដែលរដ្ឋបាលខេត្តរៀបចំការជួបជុំគ្នានាពេលនេះ គឺជាការថ្លែងអំណរគុណដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យារបស់យើងដែលបានខិតខំបំពេញការងារមិនក្លាយនឿយហត់ ជាពិសេសក្នុងការបំរើសេវាសាធារណជូនប្រជាពលរដ្ឋ។
លោក អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាបានបំពេញការងារទៅតាមជំនាញរៀងៗខ្លួន នាពេលកន្លងមកក៏ដូចទៅពេលខាងមុខ ដោយទទួលបានជោគជ័យលើគ្រប់វិស័យធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។
ក្នុងឱកាសនេះផងដែរ លោក អភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាសូមមានការប្រុងប្រយ័ត្ននិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍វាអាចកើតឡើងគ្រប់ពេលវេលា ប្រសិនបើយើងមិនមានការប្រុងយ័ត្ននោះទេ គ្រោះថ្នាក់ចរាចរណ៍វាជាឃាតករលាក់មុខបង្កឱ្យស្លាប់ ពិការភាព ខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋថែមទៀតផង។







