នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក មីន កុម្ភៈ បានជួបពិភាក្សាការងារជាមួយលោក ហ៊ូវ កាំង អភិបាលក្រុងណាននីន

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយលោក ហ៊ូវ កាំង អភិបាលក្រុងណាននីន នៅក្នុងឱកាសនៃការចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២។
លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកប ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចំពោះ លោកអភិបាលក្រុងណាននីន និងថ្នាក់ដឹកនាំក្រុងណាននីង។
លោកអភិបាលរងខេត្តព្រះសីហនុ និងលោកអអភិបាលក្រុងណាននីន បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងមិត្តភាពបន្ថែមទៀត លើការងារសំខាន់ៗ៤ គឺ
១- ការផ្សព្វផ្សាយជំរុញអ្នកវិនិយោគនៅខេត្តព្រះសីហនុ
២- ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនវិនិយោគ និងទេសចរណ៍
៣- ជំរុញការផ្លាស់ប្តូរបច្ចេកវិទ្យា វិទ្យាសាស្រ្ត សញ្ញាសប្បនិម្មិតក្នុងវិស័យអប់រំ ឧស្សាហកម្ម និងទេសចរណ៍
៤- ពង្រឹងទំនាក់ទំនងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌ ជាដើម។
ក្នុងឱកាសនោះ លោកអភិបាលក្រុងណាននីង បានសម្តែងចំណាប់អារម្មណ៍ ចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងខេត្ត-ក្រុងទាំងពីរ លោកនឹងលៃពេលវេលា សមស្របដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ដែលជាមិត្តភ័ក្រ្ត ហើយលោកបានផ្ញើការសួរសុខទុក្ខជូនឯកឧត្តមអភិបាល ដោយនឹករលឹក។