ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តឧត្តមវិញ្ញាណរាម

ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តឧត្តមវិញ្ញាណរាម ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញបូជាទានធូបផ្កាភ្ញី ថ្វាយព្រះពុទ្ធិមានៅក្នុងឧបដ្ឋានសិលា និងសម្មាទានសិល ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនានៃយើងដែលមានតាំងពីបុរាណមក ដើម្បីជាកិច្ចរំលឹកដល់គុណបុណ្យ ព្រះរតនត្រៃ ជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ ជាពិសេសការបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទ និងកូនចៅគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន និងបន្តនៅពេលអនាគត ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។
ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ សូមអញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

នៅក្នុងពិធីនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានអញ្ជើញរាប់បាត និងវេប្រគេនបច្ច័យដល់ព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ដែលបានប្រារព្ធធ្វើនាឱកាសនេះនៅវត្តឧត្តមវិញ្ញាណរាម ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមមកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លា ដែលឯកឧត្តម លោកជំទាវ មន្រ្តីរាជការ ពុទ្ធបរិស័ទវេប្រគល់ជូនតាមរយៈព្រះសង្ឃ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនប្រគេនព្រះសង្ឃវត្តឧត្តមវិញ្ញាណរាម មានដូចជា៖ ១-អង្ករ ៣០០គីឡូក្រាម ២-មី ២៤កេស ៣-ទឹកត្រី ១០យូ ៤-ទឹកស៊ីអ៉ីវ ១០យួរ ៤-ទឹកសុទ្ធ ១០កេស ៥-ទឹកក្រូច ១០កេស ចង្ហាន់បិណ្ឌបាតចំនួនន ៥ឆ្នាំង ថវិកាប្រគេនព្រះសង្ឃក្នុងមួយអង្គ ១០ម៉ឺនរៀល ដោយឡែក ព្រះតេជគុណចៅអធិការវត្ត ចំនួន ២០ម៉ឺនរៀល ជូនលោកអាចារ្យ គណៈកម្មាវត្តក្នុងម្នាក់ៗ ៥ម៉ឺនរៀល យាយជី តាជីក្នុងម្នាក់ ក្រណាត់សរ ១ដុំ ថវិកា ២ម៉ឺនរៀល និងបច្ច័យប្រគេនវត្តដើម្បីកសាងសមិទ្ធផលចំនួន ១០លានរៀល។ ក្រៅពីនោះក៏មានថវិកាចូលរួមពីលោកឧកញ៉ា មន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ៕