រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ជ្រាបថា ចាប់ពីថ្ងៃពុធ ទី១៧ ដល់ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុនិងមន្ទីរទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង មន្ទីរ អង្គភាព សិស្សានុសិស្ស និស្សិត និងយុវជនដូចខាងក្រោម៖
-ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីព្រឹក ការប្រកួតរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដោយចេញដំណើរពីរង្វង់ មូលតោ២ ឆ្ពោះទៅខ្លោងទ្វារផែ ៥០២ បត់ចុះតាមឆ្នេរឆ្ពោះទៅបន្ទប់ទឹកលេខ៣ បត់ឆ្វេងទៅស្តុបបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បត់ឆ្វេងតាមផ្លូវពូលូវៃ ឆ្ពោះទៅបញ្ចប់នៅរង្វង់មូលតោ (ដល់ទីផ្តាច់ព្រ័ត្រ)។
-ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីព្រឹក ការប្រណាំងកង់ភ្នំចម្ងាយ ៣០គីឡូម៉ែត្រ ក្រោមប្រធានបទ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដោយចេញដំណើរពីទីលានតេជោ ឆ្ពោះទៅដើម ឈើចាំស្នេហ៍តាមបណ្តោយឆ្នេរ ត្រលប់មកវិញតាមវិថីអូរត្រេះ កាត់ទីលានវាយកូនហ្គោល បត់ឆ្វេងទៅ ស្តុបបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បត់ស្តាំឆ្ពោះទៅស្តុបស្ពានស្តេចមឹក បត់ឆ្វេងទៅផ្លូវឆ្នេរ (បន្ទប់ទឹក លេខ១) ឆ្ពោះទៅខ្លោងទ្វារផែ ៥០២ បត់ឆ្វេងទៅកាន់ទីលានតេជោវិញ(ដល់ទីផ្តាច់ព្រ័ត្រ)។
ក្នុងន័យនេះ ដើម្បីឱ្យព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ មានសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព និងជោគជ័យតាមការគ្រោងទុក រដ្ឋបាលខេត្តព្រះសីហនុ សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមកីឡាករឱ្យបានច្រើន កុះករ។


