រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីការគ្រប់គ្រង
សំរាម សំណល់រឹង ទីប្រជុំជន ក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីជំនាញការអភិវឌ្ឍន៍ទីក្រុង (Urban Development Expert) តំណាងអង្គការ UN-Habitat ប្រចាំការិយាល័យអនុតំបន់អាស៊ី ប៉ាស៊ីហ្វីក លោកអភិបាលរងក្រុង លោក-លោកស្រី មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នៅសណ្ឋាគារឆ្នេរថ្មី។
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តព្រះសីហនុ និង អង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ក្នុងគោលបំណង៖
-ស្រង់បញ្ហាប្រឈម និងប្រមូលធាតុចូលបន្ថែមឱ្យកាន់តែស៊ីជម្រៅ
-វិភាគពីឬសគល់នៃបញ្ហា គម្លាតបច្ចេកទេស ហិរញ្ញវត្ថុ និងទីតាំងភូមិសាស្រ្ត
-កំណត់ដំណោះស្រាយផ្សេងៗដែលចាំបាច់
-ស្នើសុំការចូលរួមរបស់ភាគីពាក់ព័ន្ធចូលរួមបញ្ចេញមតិយោបល់ ដើម្បីអនុញ្ញាតឱ្យក្រុមការងារUN-Habitat រៀបចំរបាយការណ៍វិភាគស្ថានភាពឱ្យបាន ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង មុននឹងឈានទៅដល់ការរៀបចំសំណើគម្រោងបច្ចេកទេស។
ក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានស្នើឱ្យអង្គប្រជុំទាំងមូលបានការពិភាក្សាទៅលើ
-ផែនការអប់រំ និងជំរុញប្រជាពលរដ្ឋ ឱ្យមានការទទួលខុសត្រូវចំពោះសំរាម
-ការបំពេញកាតព្វកិច្ចឱ្យបានពេញលេញ ក្នុងនាមជាអ្នកទទួល
សេវា និងអ្នកផ្តល់សេវាប្រមូលសំរាម
-ការពង្រឹងក្រុមសំអាតចល័ត សំអាតក្នុងក្រុង និងឆ្នេរ ជាប្រចាំ
-ការអនុវត្តកាត់បន្ថយការប្រើប្រាស់ ប្រអប់ស្នោរ និងថង់ប្លាស្ទិកដែលប្រើតែម្តងហើយចោល (Single Use plastics) ដោយប្រើសម្ភារៈដទៃ ដែលអាចប្រើច្រើនដងមកជំនួស នៅតាមហាង
កាហ្វេ ភោជនីយដ្ឋាន អាហារដ្ឋាន ឬតាមមាត់ឆ្នេរនេះតែម្តង ដើម្បីកាត់បន្ថយសំណល់ដឹកទៅកាន់ទីលាន។
-ការគ្រប់គ្រងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។













