ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងគម្រោងវិនិយោគចំណតជលយាន (អ៊ូរទូក)

ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យទីតាំងគម្រោងវិនិយោគចំណតជលយាន (អ៊ូរទូក) សម្រាប់ជួសជុលទូក នាវា និងកប៉ាល់ ស្ថិតនៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូរទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដ៏ទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន។
គម្រោងនេះ ក៏បានគិតគូររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តទ្រទ្រង់ លំហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋានរបស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល។