កិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីអភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង-ស្រុក សរុបសមាសភាព ៥២ រូប។
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ យោងផ្អែកលើផែនការសកម្មភាព នៃគម្រោងអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងមហាផ្ទៃ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បី៖
១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត បញ្ហាប្រឈម និងទិសដៅ ដោយធៀបនិងផែនការគ្រោងទុក
២. ធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ នៃការសាងសង់ទីលានចាក់សំរាម នៅខេត្តមួយចំនួន
៣. ពិភាក្សាបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តគម្រោង និងការពន្លឿនការអនុវត្ត។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរង បានចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការប្រមូលសំរាមដែលខេត្តព្រះសីហនុបានអនុវត្តកន្លងមក និងបានលើកពីបញ្ហាប្រឈមសំខាន់ៗដែលគួរបានយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ដូចជាការកើនឡើងជាគំហុកនូវបរិមាណសំរាម សំណល់រឹងប្រចាំថ្ងៃ ស្របនឹងកំណើនប្រជាពលរដ្ឋដែលទាមទារនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្របន្ថែមទៀត។
ជាការឆ្លើយតប​ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់ជាគោលការណ៍ និងអនុសាសន៍ណែនាំដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាដែលក្រុមការងារបាននឹងកំពុងជួបប្រទេះ។
សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាមានភារកិច្ចដូចជា៖
គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាមានភារកិច្ចដូចជា៖
– ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងតម្រង់ទិសលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃ ការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
-ដឹកនាំ និងសម្របសម្រួលលើបញ្ហាអន្តរស្ថាប័ន ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោងធ្វើឱ្យ ប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
– ផ្តល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅក្នុងការអនុវត្តគម្រោងឱ្យ បានសម្រេចតាមលទ្ធផលរំពឹងទុក
– ពិនិត្យតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោងទាំងមូល និងផ្តល់យោបល់កែលម្អ ផ្តល់យោបល់ និងណែនាំលើការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គម្រោង៕