ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ស្ត្រីដែលទើបសម្រាលកូនរួចចំនួន ១០នាក់ នៅមណ្ឌលសុខភាពរាម ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា សូមឱ្យមាតា ពិសេសទារកមានសុខភាពល្អមានកាយសម្បទាមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីអនាគតជាទំពាំងស្នងឬស្សីជួយដល់ក្រុមគ្រួសារផង ជួយដល់ជាតិមាតុភូមិផង ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានអទិភាពគន្លឺះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។








