នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តគោលដៅទាំង ៥ លោកអភិបាលក្រុង-ស្រុក និងភាគីពាក់ព័ន្ធសរុបសមាសភាព ៤១ រូប នៅរដ្ឋបាលខេត្តសៀមរាប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និង លើកទិសដៅការងារបន្ទាប់ នៃការអនុវត្តការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។
ជាការចូលរួម លោកអភិបាលរង បានលើកឡើងអំពី ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមដែលនាំឱ្យមានការកក់ស្ទះសំរាម រាប់ចាប់ពីកត្តាភូមិសាស្ត្រ រហូតដល់កង្វះខាតថវិកា សម្ភារៈបច្ចេកទេស។ ជាមួយគ្នានេះ លោកក៏បានលើកជាសំណូមពរ និងសំណើសុំមួយចំនួនដើម្បីកាត់បន្ថយការកកស្ទះសំរាមនៅក្នុងទីប្រជុំជន និងទីតាំងផ្ទេរដែលនាំឱ្យមានការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា «គម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា» ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានទិសដៅស្រប និងបំពេញបន្ថែមទៅលើ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០)» ដែលបានកំណត់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។















