ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសំណេះសំណាលសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនក្នុងខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយត្រី នូវ សំអុល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីការរៀបចំពិធីបញ្ចុះបឋមសិលាកសាងទីស្នាក់ការសមាគមសម្រាប់បម្រើនូវសេវាតម្រូវការចាំបាច់ផ្សេងៗជូនបងប្អូនអតីតយុទ្ធជនយើងឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អគារទីស្នាក់ការនេះមានទំហំ ២២៨.៨ ម៉ែត្រការ៉េ ធ្វើអំពីបេតុង ប្រក់ក្បឿង ចែកចេញជា ០៦បន្ទប់ ក្នុងនោះមាន៖ បន្ទប់ធ្វើការរបស់ប្រធាន ០១បន្ទប់ បន្ទប់លេខាធិការដ្ឋាន ០១បន្ទប់ បន្ទប់ពិធីការ ០១បន្ទប់ សាលប្រជុំ ០១បន្ទប់ បន្ទប់ទឹក ០២បន្ទប់ ត្រូវចំណាយថវិកាក្នុងការសាងសង់សរុបជាង ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិច លើផ្ទៃដីដែលអាជ្ញាធរខេត្ត បានសម្រេចផ្តល់ជូនមានទំហំបណ្តោយ ១៥០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត។
ឯកឧត្ដម ម៉ាង ស៊ីណេត ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ថ្លែងអំណរគុណដល់អតីតយុទ្ធជន យុទ្ធនារីបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីការពារបូរណភាពទឹកដីរហូតកម្ពុជាទទួលបានសុខសន្តិភាព ហើយវីរភាពរបស់អតីតយុទ្ធជនរបស់យើងដក់នៅក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូបដែលមិនអាចបំភ្លេចបាន សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកានៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានខិតខំយកកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបំពេញតួនាទីដ៏សំខាន់ក្នុងការលើក កម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតី សាមគ្គីភាពជួយគា្នទៅវិញទៅមកដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជននិងគ្រួសារព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងល្អប្រសើគួរជាទីមោទក។
ឯកឧត្ដម អភិបាលខេត្ត ធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន យុទ្ធនារី ដូចខាងក្រោម៖
១-បងប្អូនអតីតយុទ្ធជនបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ
២-គ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរដែនដីត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារីដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការជាដើម
៣-មន្ទីរសង្គមកិច្ច ផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិ អតីតយុទ្ធជននៅទូទាំងខេត្ត
៤-មន្ទីររៀបចំដែនដី និងមន្ទីរសង្គមកិច្ច បន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
៥-មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក
៦-សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវបន្តពង្រឹងពង្រីកសកម្មភាពលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា ដោយបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់”។ ក្នុងឱកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន ១២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ៥០ ០០០រៀល៕