ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនារវាងអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

ទីក្រុងហ័ងសាន រសៀល ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនារវាងអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើបទអន្តរាគមន៍អំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិក RCEP ក្នុងវេទិកា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានអញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិក RCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។
ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។
ជាមួយគ្នានេះដែរឯកឧត្តមក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»។
ឯកឧត្តមមានសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។