លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សសាលាបឋមសិក្សា ជា ស៊ីម ក្នុងឱកាសខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ

ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សសាលាបឋមសិក្សា ជា ស៊ីម ក្នុងឱកាសខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត លោកជំទាវ លោកស្រី និងសមាជិកា នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីអបអរសាទរទិវារកុមារអន្តរជាតិខួបលើកទី៧៦ ខ្ញុំសូមពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងគិតគូរចំពោះក្មួយៗសិស្សានុសិស្សដែលកំពុងតែសិក្សាក្រេបយកនូវចំណេះវិជ្ជា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ទាំងកំលាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនដល់ក្មួយៗសិស្សានុសិស្សក្នុងនាមជាឪពុក ម្តាយទី២។
លោកជំទាវ បានលើកពីប្រវត្តិខ្លះៗនៃទិវារកុមារអន្តរជាតិ ០១មិថុនា ចាប់តាំងពីឆ្នាំ១៩៥០ ប្រទេសជាច្រើននៅលើសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានប្រារព្ធទិវាកុមារអន្តរជាតិថ្ងៃទី ០១មិថុនា ក្នុងគោលបំណងសំខាន់ នៃការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។ ឆ្នាំ១៩៤២ មនុស្សជាតិនៅលើសកលលោកចងចាំឥតភ្លេចនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នងរបស់ពួកហ្វាស៊ីស ដែលបានសម្លាប់ប្រជាជន ១ភូមិ (លីឌីស៊ែ) នៃសាធារណរដ្ឋឆែក ឧក្រិដ្ឋកម្មនេះបានចាប់មនុស្សរួមទាំងកុមារតូចៗ ចាក់សាំងដុតកម្ទេចទាំងរស់ដោយគ្មានអាណិតអាសូរ។ ដោយមើលឃើញនូវវិនាសកម្មទាំងនេះ ទើបធ្វើឱ្យកងកម្លាំងស្នេហាសន្តិភាព និងមិត្តភាពរវាងប្រជាជាតិ និងមនុស្សគ្រប់ពណ៌សម្បុររួបរួមគ្នាក្រោកឈរឡើង ហើយធ្វើការអំពាវនាវ ដើម្បីប្រឆាំងរាល់ទង្វើដែលនាំឱ្យមានអន្តរាយដល់អាយុជីវិតមនុស្សជាតិ ដើម្បីការពារជីវិត ការពារសន្តិសុខ និងគាំពារដល់កុមារនៅលើសកលលោកទាំងមូល។ ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ សហព័ន្ធនារីប្រជាធិបតេយ្យពិភពលោក បានបើកសម័យប្រជុំនៅទីក្រុងមូស្គូ ហើយបានមូលមតិគ្នាសម្រេចយកថ្ងៃ០១ មិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាកុមារអន្តរជាតិ»។ អនុសញ្ញាស្តីពី សិទ្ធិកុមារទទួលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនាឆ្នាំ១៩៨៩ ហើយបានចូលជាធរមាននៅឆ្នាំ១៩៩០។ រីឯប្រទេសកម្ពុជា ក៏បានចុះហត្ថលេខាចូលជាភាគីសមាជិក នៃអនុសញ្ញា ស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២។ ដូចនេះពីមួយឆ្នាំទៅមួយឆ្នាំ «ទិវាកុមារអន្តរជាតិ» ១មិថុនា ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីបណ្តាប្រទេសជាច្រើននៅលើសកលលោក។ ចំពោះអត្ថន័យ នៃថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ ០១មិថុនា មានដូចតទៅ៖
១.បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារ
២.កុមារត្រូវការសិទ្ធិជាងករណីយកិច្ច
៣.កិច្ចគាំពារ ការគោរពសិទ្ធិកុមារ
៤.ទទួលស្គាល់សិទ្ធិជាសកល និងមូលដ្ឋានរបស់កុមារ
៥.គោរព និងគាំពារនៃអនុសញ្ញាជាតិ និងអនុសញ្ញាអន្តរជាតិជាសកល ស្តីពីសិទ្ធកុមារ
៦.លុបបំបាត់ការរើសអើងចំពោះកុមារពិការ កុមារក្រីក្រ និងសិទ្ធិជាសមភាព
៧.បញ្ឈប់ និងប្រឆាំងដាច់ខាតលើការរំលោភបំពានការជួញដូរ កេងប្រវ័ញ ការប្រើអំពើហិង្សាគ្រប់រូបភាពលើកុមារ
៨.ធានាបាន និងការពារកុមារជៀសឱ្យផុតពីគ្រឿងញៀនគ្រប់ប្រភេទ
៩.កុមារជាទំពាំងស្នងឬស្សី ជាសសរទ្រូង និងជាធនធានមនុស្សនាថ្ងៃអនាគតរបស់ជាតិមាតុភូមិ
១០.កុមារ គឺជាកោសិការបស់ជាតិ កុមារល្អ យុវជនល្អ សង្គមជាតិល្អ។
ក្នុងឱកាសនោះ លោកជំទាវ គឹម សុភ័ក្រ ម៉ាង ស៊ីណេត ក៏បាននាំយកអំណោយជាសម្ភារៈ និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនក្មួយៗសរុបចំនួន ៧០០នាក់ ក្នុងម្នាក់ទទួលបាន កាបូបស្ពាយ១ ខ្មៅដៃ១ដើម ប៊ិច១ដើម សៀវភៅ១ក្បាល ជ័រលុប១ ប្រដាប់ខួង១ ថវិកា ៥ ០០០រៀល និងលោកគ្រូ អ្នកគ្រូចំនួន ៣២នាក់ ក្នុងម្នាក់ថវិកា ៤០ ០០០រៀល៕