ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម)

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរស័ទ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រោះពិធីបុណ្យនេះបានបង្ហាញនូវការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ ហើយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក។ ព្រះពុទ្ធសាសនា ជាសាសនាសន្តិភាព ដូច្នេះយើងទាំងអស់គ្នាជួយជ្រោមជ្រែងឱ្យមានភាពរីកចម្រើនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធពេញលេញខាងជំនឿសាសនា។
សូមបញ្ជាក់ដែរថា ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងមកដែរ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបុណ្យវិសាខបូជា នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តឥន្ទញ្ញាណ (វត្តក្រោម) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងពុទ្ធបរិ ស័ទយ៉ាងច្រើនអធិកអធម ដើម្បីអបអរពិធីបុណ្យពិសាខបូជា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ៕