លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ លោក កែប​ សុខ​ខេន​ អភិបាលរងស្រុក​ បានដឹកនាំកិច្ចប្រជុំ និងដាក់ឱ្យដំណើរការដេញថ្លៃសាងសង់គម្រោងមូលនិធិឃុំ-សង្កាត់ចំនួន៤

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ លោក កែប​ សុខ​ខេន​ អភិបាលរងស្រុក​ បានដឹកនាំកិច្ចប្រជុំ និងដាក់ឱ្យដំណើរការដេញថ្លៃសាងសង់គម្រោងមូលនិធិឃុំ-សង្កាត់ចំនួន៤ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសគាំទ្រឃុំ សង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៤ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត នៅក្នុងសាលាស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

កិច្ចប្រជុំបើកសំណើដេញថ្លៃនេះដែរបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចជា ទី១៖ ឃុំអូរបាក់រទេះ គម្រោងសាងសង់ផ្លូវមួយខ្សែបេតុងប្រវែង៣៥០ ម៉ែត្រ ទទឹង ៧ម៉ែត្រ ។ ទី២៖ ឃុំស្ទឹងឆាយ គម្រោងសាងសង់ផ្លូវពីរខ្សែបេតុងប្រវែង៤០០ ម៉ែត្រ, ទទឹង៦ ម៉ែត្រ,។ ទី៣៖ឃុំចំការហ្លួង គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៣៧៥ ម៉ែត្រ, ទទឹង៦ ម៉ែត្រ, ។ ទី៤៖ ឃុំកំពង់សិលា គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៤០០ម៉ែត្រ, ទទឹង ៥ម៉ែត្រ, កម្រាស់ ០,១៥ម៉្រែត។
ក្នុងឱកាសនោះ លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី ក្នុងនោះក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។
លោក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យគណៈកម្មការក៏ដូចជាក្រុមប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋានការអនុវត្តគម្រោងហូតដល់បញ្ចប់ការអនុវត្តគម្រោង។
លោក ក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំ បានធ្វើការបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតងនៅក្នុងមូលដ្ឋានភូមិរបស់ខ្លួន ជាពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះ និងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕