រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញវិញ។
ចំពោះទីតាំងចំណតរថយន្តនៅរាជធានីភ្នំពេញស្ថិតនៅស្ថានីយចំណតរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) និងចំណតរថយន្តនៅខេត្តព្រះសីហនុស្ថិតនៅវេទិកា៧មករា (វិមានឯករាជ្យ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រថយន្តក្រុងចាប់ផ្ដើមចេញដំណើរជើងទី១ ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងមានជើងរថយន្តទៅមកជាបន្តបន្ទាប់ទៀតសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
បញ្ជាក់: សេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

