ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងពលទាហាន និងគ្រួសារកងទ័ព ថ្ងៃនេះខ្ញុំបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ និងឈានចូលមកដល់នាពេលខាងមុខ ស្របពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងការរស់នៅក្រោមម្លប់សន្តិភាព។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះអស់លោកជាមេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ៤ និងគ្រួសារកងទ័ព ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកៀកស្មាគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ហើយសកម្មភាពការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍក្នុងអង្គភាពមានការរីកចម្រើន ហើយរាល់សកម្មភាព និងការលះបង់ធ្វើពលីកម្មរបស់បងប្អុនកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងកិច្ចការពារជាតិមាតុភូមិកម្ពុជា ហើយនូវរាល់ការលះបង់របស់បងប្អូនកងកម្លាំងរបស់យើងក្នុងបុព្វហេតុជាតិ និងមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរមេបញ្ជការ មេបញ្ជាការរង និងពលទាហានកងពលតូចអន្តាគមន៍លេខ៤ ឈរជើងនៅទិសខេត្តឧត្តរមានជ័យ សូមសម្រេចបានជោគជ័យ សេរីសួស្តី ជ័យមង្គលគ្រប់ភារកិច្ច និងក្រុមគ្រួសារ និងជាតិមាតុភូមិកម្ពុជា ហើយត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញចក្ខុវិស័យធ្វើឱ្យប្រទេសជាតិ ជាប្រទេសមានចំណូលមធ្យមមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ២០៥០ និងការដាក់ចេញនូវយុទ្ធសាស្ត្រ គោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយឡែកយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានដូចជា៖ មនុស្ស មានសុខភាពល្អ មានចំណេះជំនាញ និងបទពិសោធន៍ មានការងារធ្វើ ពង្រឹងគុណភាពសុខាភិបាល។
ឯកឧត្តម ធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារចាំបាច់មួយចំនួនដូចខាងក្រោម៖
១-ត្រូវមានវិជ្ជាជីវៈ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន យកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ និងក្លាយជាកម្លាំងពិតដើម្បីការពារជាតិមាតុភូមិ និងប្រជាជន
២-ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធ ភាព ស្របទៅនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធា ព្រមទាំងស្បៀងអាហារឱ្យបានត្រឹមត្រូវ និងរក្សាឪ្យបានគង់វង្ស
៣-ត្រូវហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាពឱ្យមានប្រសិទ្ធភាព។ ត្រូវពង្រឹងការហាត់ និងលេងកីឡាផ្សេងៗ ជាពិសេសបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច និងយុទ្ធវិធីចាំបាច់ អភិរក្សក្បាច់គុណដែលបុព្វបុរសយើងបានបន្សល់ទុក ដូចជាក្បាច់គុណល្បុក្កតោ យុទ្ធគុណខម និងគុណខ្មែរ
៤-ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។ ផ្តល់សេវាថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីក្នុងប្រតិបត្តិការ សង្គ្រោះនានាដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គិភ័យ ការងារដោះមីនរំដោះដីស្រែ និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ
៥-ត្រូវយកចិត្តទុកដាក់លើការធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានានូវជីវភាពរស់នៅ និងសុខ ភាពរបស់កងទ័ពរបស់យើងឱ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនកងពលតូចអន្តរាគមន៍លេខ៤ ២០លានរៀល វរសេនាតូចលេខ២៤១ លេខ២៤២ លេខ២៤៣ និង២៤៤ មួយវរសេនាតូច ៥លានរៀល។ ជូនគ្រួសារកងទ័ព ២៦៣នាក់ ម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ៨នាក់ ម្នាក់១០ម៉ឺនរៀលើ ស្តី្រមានផ្ទៃពោះ ១៦នាក់ ក្នុងម្នាក់ ១០០ដុល្លាអាមេរិក សិស្សានុសិស្ស ២៣៦នាក់ ម្នាក់ ១ម៉ឺនរៀល សៀវភៅ ៥ក្បាល ប៉ិច ៣ដើម និងគ្រឿងឧបភោគបរិភោគមួយចំនួន៕