នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៥ ក្នុងស្រុកព្រៃនប់ គឺឃុំអណ្តូងថ្ម ឃុំជើងគោ ឃុំព្រៃនប់ ឃុំសំរុង និងឃុំទួលទទឹង ដោយបានធ្វើដេញថ្លៃរួមគ្នានៅសាលប្រជុំសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសគាំទ្រឃុំសង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៥ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១.ឃុំអណ្តូងថ្ម គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៤ បានចូលរូមដេញថ្លៃ
២.ឃុំជើងគោ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៦ បានចូលរូមដេញថ្លៃ
៣.ឃុំព្រៃនប់ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៣ បានចូលរួមដេញថ្លៃ
៤.ឃុំសំរុង គម្រោងសាងសង់ផ្លូវបេតុង ប្រវែង ៤៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត មានក្រុមហ៊ុនចំនួន ៥ បានចូលរួមដេញថ្លៃ
៥.ឃុំទួលទទឹង គម្រោងសាងសង់ផ្លូវបេតុង ប្រវែង ៤៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត មានក្រុមហ៊ុនចំនួន ២ បានដាក់សំណើដេញថ្លៃ (មិនគ្រប់កូរ៉ុម)។
លោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្តក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោង ដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។
លោកក៏បានបញ្ជាក់បន្ថែមថា សូមឱ្យគណៈកម្មការក៏ដូចជាក្រុមប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោង រហូតដល់បញ្ចប់ការអនុវត្តគម្រោង។ ក្នុងនោះលោកនាយកទីចាត់ការ ក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំ ធ្វើការបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតង នៅក្នុងមូលដ្ឋានភូមិរបស់គាត់ ជាពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះ និងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕


