លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់”

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់” ក្រោមអធិបតីភាព ឯកឧត្តម សូ មុនីរក្សា នាយកសាលានៃសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ។

អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី គ្រូបង្គោលសាលាជាតិរដ្ឋបាលមូលដ្ឋាន តំណាងរដ្ឋបាលស្រុកព្រៃនប់ តំណាងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) តំណាងក្រុមហ៊ុន Cambodia LifeStyle គណៈកម្មការគ្រប់គ្រងសហគមន៍ សមាជិកសហគមន៍ មេឃុំ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នាយកសាលា និងអង្គការសង្គមស៊ីវិលដៃគូនៅមូលដ្ឋានសរុប ៣៩រូប។
គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់សមាជិកសហគមន៍ អាជ្ញាធរមូលដ្ឋានក្នុងការដឹកនាំ និងគ្រប់គ្រងគំនិតផ្ដួចផ្ដើមអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទនៃការបន្ស៊ាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងអភិបាលកិច្ចមូលដ្ឋាន, លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសហគមន៍ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីរៀបចំយុទ្ធសាស្រ្តដែលអាចអនុវត្តបាន សម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់ ព្រមទាំងពង្រឹងលទ្ធភាពសហគមន៍មូលដ្ឋាន ក្នុងការដឹកនាំនិងអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព តាមរយៈការពង្រឹងភាពជាម្ចាស់ និងការចូលរួមនៅក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍។