រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកម្សាន្ត Bay of lights ស្ថិតនៅឃុំរាម ស្រុកព្រៃនប់។
ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានប្រសាសន៍បិទការប្រកួតកីឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ មានរយៈពេល ៥ថ្ងៃ ដែលមានប្រតិភូចូលរួមចំនួន ៧ក្រុម ក្នុងនោះមាន ២ក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ) និង ៥រាជធានី ខេត្ត (រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកណ្តាល) ការប្រកួតកីឡាម៉ូតូទឹកនាពេលនេះ បានផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីបញ្ចេញសមត្ថភាព ទេពកោសល្យ និងផ្តល់លទ្ធភាពដល់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា អនុវត្តការងារបច្ចេកទេសត្រៀមឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥នៅប្រទេសថៃ និងព្រឹត្តិការណ៍ប្រកួតនានា។
ឯកឧត្តម ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ជួយសម្របសម្រួលព្រឹត្តិការប្រកួតកីឡាម៉ូតូទឹកកម្ពុជា នៅលើទឹកដីខេត្តតំបន់ឆ្នេរ ទទួលបានជោគជ័យតាមការគ្រោងទុក ហើយការប្រកួតកីឡាម៉ូតូទឹកនាឱកាសនេះមាន ៥វិញ្ញាសារ ក្នុងនោះ ១.វិញ្ញាសារ SKI GP ចំណាត់ថ្នាក់លេខ១ កីឡាករមកពីក្រសួងមហាផ្ទៃ លេខ២ ខេត្តកណ្តាល លេខ៣ ព្រះសីហនុ។ ២.វិញ្ញាសារ Ski 1 500 Stock លេខ១ ក្រសួងមហាផ្ទៃ លេខ២ ខេត្តព្រះសីហនុ លេខ៣ រាជធានីភ្នំពេញ។ ៣.វិញ្ញាសារ Ski 4 Stroke light លេខ១ ក្រសួងការពារជាតិ លេខ២ ខេត្ត កណ្តាល លេខ៣ ខេត្តព្រះសីហនុ។ ៤.វិញ្ញាសារ Runabout 1 100 Stock លេខ១ ក្រសួងមហាផ្ទៃ លេខ២ ខេត្ត្កកំពត លេខ៣ រាជធានីភ្នំពេញ។ ៥.វិញ្ញាសារ Endurance Runabout Open លេខ១ ក្រសួងមហាផ្ទៃ លេខ២ ខេត្តកំពត លេខ៣ ខេត្តកណ្តាល។
លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានអបអរសាទរពិធីបិទការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមមូលបទ «កីឡាជាតិ ដើម្បីព្រែកជីកហ្វូណនតេជោ» នៅលើទឹកដីតំបន់ឆ្នេរដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ព្រឹត្តិការណ៍ប្រកួតរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីលើកស្ទួយការលេងកីឡារបស់ប្រជាពលរដ្ឋ ការទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសការពង្រឹងគុណផលកីឡា ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់ និងអន្តរជាតិ។
លោក អភិបាលរងខេត្ត បានកោតសរសើរសហព័ន្ធកីឡាម៉ូតូទឹក និងគណៈប្រតិភូកីឡាដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធ្វើឱ្យដំណើរការនៃការប្រកួតកីឡាម៉ូតូទឹកបានប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំង អស់គ្នាទទួលយកបាន។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានា បង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព ក្នុងគោលបំណងបង្កើនស្មារតីស្រឡាញ់ជាតិ មាតុភូមិ ការពង្រឹងសាមគ្គីភាព មិត្តភាពរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួមជាក់ស្តែងជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្ហាញថាកម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយ ជាងមហាសមុទ្រ និងបង្ហាញពីកិត្យានុភាពជាតិទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្បាស់។ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេសការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។


